ស្វាយរៀង៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន វិបុល ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី និងបើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតបន្ថែមសម្រាប់ខេត្តចំនួន៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
រោងចក្រថ្មីនេះមានសមត្ថភាពផលិតទឹកស្អាត ៦.៨០០ម៉ែត្រគូបក្នុងមួយថ្ងៃ។ រោងចក្រប្រព្រឹត្តកម្មទឹកស្អាត និងហេដ្ឋារចនាសម្ព័ន្ធថ្មីទាំងនេះ នឹងអនុញ្ញាតឱ្យរដ្ឋាករទឹកស្វាយរៀងមានលទ្ធភាពផ្តល់សេវាទឹកស្អាតពេញលេញសម្រាប់ពលរដ្ឋក្នុងក្រុងស្វាយរៀងទាំងមូល និងពង្រីកអត្រាគ្របដណ្តប់ក្នុងតំបន់សេវារបស់ខ្លួន ពី៣២% ទៅ ៥៨%។ ទន្ទឹមនេះ រាជរដ្ឋាភិបាលក៏បានប្រកាសបើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតក្នុងខេត្តចំនួន៥ គឺខេត្តស្វាយរៀង ពោធិ៍សាត់ កំពង់ធំ កំពត និងមណ្ឌលគិរី ដែលជាគម្រោងហិរញ្ញប្បទានដោយថវិកាជាតិ។ ក្រោមទុនវិនិយោគសរុប ៦០លានដុល្លារអាមេរិក គម្រោងនេះនឹងបង្កើនសមត្ថភាពផលិតទឹកស្អាតសម្រាប់ខេត្តទាំង៥ សរុបប្រមាណ ១៣.៦០០ម៉ែត្រគូបក្នុងមួយថ្ងៃ ពង្រីកបណ្តាញចែកចាយទឹកស្អាតប្រវែង ៧៣៩គីឡូម៉ែត្រ ផ្តល់តំណទឹកស្អាតថ្មីចំនួន ២៨.៦៦០គ្រួសារ ដោយគ្រោងអនុវត្តរយៈពេល២០ខែ ចាប់ពីខែមីនា ឆ្នាំ២០២៦ ដល់ខែកញ្ញា ឆ្នាំ២០២៧។
ការវិនិយោគ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធខាងលើនេះបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សេវាផ្គត់ផ្គង់ទឹកស្អាតប្រកបដោយសមធម៌ កាត់បន្ថយគម្លាតសេវារវាងតំបន់ទីក្រុងនិងជនបទ និងគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅក្នុងមូលដ្ឋាន នឹងចូលរួមចំណែកក្នុងការលើកកម្ពស់សុខុមាលភាពប្រជាជន ៕
Tags:
ព័ត៌មានជាតិ






















