(វ៉ាស៊ីនតោន)៖ ខណៈសង្រ្គាមរវាងអ៉ីស្រាអែល និងហាម៉ាសកំពុងបង្កជាភាពភ័យខ្លាចពីការផ្ទុះទៅជាសង្រ្គាមទ្រង់ទ្រាយធំ ដែលនឹងបង្កអស្ថិរភាពក្នុងតំបន់ មជ្ឈិមបូព៌ាទាំងមូល ចិនបានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់មួយ ខណៈរិះគន់សកម្មភាពរបស់អ៉ីស្រាអែល និងបង្ហាញការគាំទ្រដល់ដំណោះស្រាយ រដ្ឋ២សម្រាប់ប៉ាឡេស្ទីន និងអ៉ីស្រាអែល។ ការប្រកាន់យកគោលជំហរបែបនេះគឺស្របទៅនឹងការគាំទ្រជាយូរអង្វែងណាស់មកហើយរបស់ចិន ចំពោះការបង្កើតរដ្ឋប៉ាឡេស្ទីន។ ប៉ុន្តែ នេះក៏បង្ហាញដែរពីការបែកបាក់គ្នាកាន់តែខ្លាំងរវាងចិន និងសហរដ្ឋអាមេរិកដែលបានប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវ អ្វីដែលហៅថាជាសិទ្ធិសងសឹករបស់អ៉ីស្រាអែលទៅនឹងក្រុមហាម៉ាស។

ចិនដែលជាមហាអំណាចសេដ្ឋកិច្ចលេខ២ នៅលើពិភពលោកពឹងផ្អែកយ៉ាងខ្លាំងលើរុស្ស៉ី និងតំបន់មជ្ឈិមបូព៌ា ដើម្បីបំពេញតម្រូវការថាមពលដែលជា សសៃឈាមមិនអាចខ្វះបានសម្រាប់កំណើនសេដ្ឋកិច្ចជាតិ ហើយរុស្ស៉ី ជាពិសេសតំបន់មជ្ឈិមបូព៌ាក៏ជាដៃគូដ៏សំខាន់នៃគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវរបស់ ទីក្រុងប៉េកាំងផងដែរ។ ចិនជាប្រទេសនាំចូលប្រេងធំជាងគេបំផុតនៅលើពិភពលោក ដោយក្នុងនោះប្រេង ៧០ភាគរយដែលប្រើប្រាស់ គឺទិញពីបរទេស។

ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើងមក ចិនបានបង្កើនការទិញប្រេងពីរុស្ស៉ីក្រោមការបញ្ចុះតម្លៃ ខណៈទីក្រុងមូស្គូកំពុងជាប់ទណ្ឌកម្មសេដ្ឋកិច្ចដែលនេះ ធ្វើឱ្យរុស្ស៉ីបច្ចុប្បន្នក្លាយជាអ្នកផ្គត់ផ្គង់ប្រេងដ៏ធំរបស់ចិន ដោយនាំមុខអារ៉ាប៊ីសាអូឌីត។ នៅត្រង់នេះគេអាចមើលឃើញថាសង្រ្គាមនៅអ៊ុយក្រែនផ្ដល់ ផលចំណេញយ៉ាងសម្បើមដល់ចិន។ ប៉ុន្តែជម្លោះ ឬសង្រ្គាមធំណាមួយផ្សេងទៀតនៅក្នុងតំបន់មជ្ឈិមបូព៌ាវាគឺជារឿងផ្សេង។

តំបន់មជ្ឈិមបូព៌ា បានដើរតួនាទីសេដ្ឋកិច្ចយ៉ាងសំខាន់នៅក្នុងកំណើនសេដ្ឋកិច្ចចិន ដោយចូលរួមចំណែកច្រើនជាងពាក់កណ្ដាលនៃការនាំចូលប្រេងរបស់ចិន ។ តាមទិន្នន័យគយចិន អារ៉ាប៊ីសាអូឌីតជាអ្នកផ្គត់ផ្គង់ប្រេងធំបំផុតរបស់ចិនអស់រយៈពេលជាយូរមកហើយ ដោយ១៧ភាគរយនៃប្រេងនាំចូលរបស់ចិនមាន ប្រភពមកពីអារ៉ាប៊ីសាអូឌីត មុនសង្រ្គាមអ៊ុយក្រែនផ្ទុះឡើង។ និយាយពីឧស្ម័នវិញ កាតាគឺជាអ្នកផ្គត់ផ្គង់ធំលេខ២របស់ចិន ហើយក្នុងនោះកាលពីឆ្នាំ២០២២ ចិននាំចូលឧស្ម័ន LNG ពីកាតាកើនដល់៧៥ភាគរយ ធៀបទៅនឹងឆ្នាំ២០២១។ កាន់តែសំខាន់ជាងនេះទៅទៀត តំបន់មជ្ឈិមបូព៌ាគឺជាមូលដ្ឋានដ៏សំខាន់មួយ នៃគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ។ ការវិនិយោគរបស់ចិននៅក្នុងបណ្ដាប្រទេសអារ៉ាប់ និងបណ្ដាប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា បានកើនឡើងដល់ទៅជាង ៣៦០ភាគរយ ក្នុងឆ្នាំ២០២១ ធៀបទៅនឹងឆ្នាំ២០២០។ នេះបើតាមការសិក្សាចេញផ្សាយដោយសាកលវិទ្យាល័យ Fudan University កាលពីឆ្នាំ២០២២ ខណៈការវិនិយោគចិនលើគម្រោងហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់កើន ១១៦ភាគរយ ក្នុងរយៈពេលដូចគ្នា។

ម្លោះហើយ សង្រ្គាមរវាងអ៉ីស្រាអែល និងហាម៉ាសដែលបង្កឱ្យមានអស្ថិរភាពក្នុងតំបន់មជ្ឈិមបូព៌ា ក៏នឹងបង្កការខាតបង់ធ្ងន់ធ្ងរដល់ចិនដូចគ្នាដែរ។ នេះបើតាម លោក Ahmed Aboudouh ជាអ្នកជំនាញខាងកិច្ចការមជ្ឈិមបូព៌ាមកម្នាក់មកពីវិទ្យាស្ថាន Chatham House មានមូលដ្ឋានក្នុងទីក្រុងឡុងដ៍។ អ្នកជំនាញ រូបនេះ បានគូសបញ្ជាក់ដូច្នេះថា «ចិន និងសហរដ្ឋអាមេរិក មានប្រយោជន៍រួមគ្នាក្នុងការរក្សាស្ថិរភាពក្នុងតំបន់ (មជ្ឈិមបូព៌ា)។ ដ្បិតសង្រ្គាមក្នុងតំបន់ នឹងបង្កជាអស្ថិរភាពយូរអង្វែង ហើយអស្ថិរភាពយូរអង្វែងក៏មិនមែនជាប្រយោជន៍សម្រាប់ចិននៅក្នុងតំបន់មជ្ឈិមបូព៌ានោះដែរ ពីព្រោះចិនមិនចង់ឃើញ សេដ្ឋកិច្ចរបស់ខ្លួនត្រូវខាតបង់នោះទេ»។

គួរបញ្ជាក់ថា បើតាមក្រុមអ្នកជំនាញ ផលប្រយោជន៍សេដ្ឋកិច្ចរបស់ចិននៅក្នុងតំបន់មជ្ឈិមបូព៌ា គឺផ្តោតជាចម្បងទៅលើការផ្គត់ផ្គង់ថាមពល តែការផ្គត់ផ្គង់ និងផលប្រយោជន៍ចិន អាចនឹងរងប៉ះពាល់ ប្រសិនបើសង្រ្គាមអ៉ីស្រាអែល និងហាម៉ាស រាលដាលទៅជាសង្រ្គាមដែលមានការចូលរួមពីអ៉ីរ៉ង់ដែលអាចនឹងបង្ក អស្ថិរភាពនៅក្នុងដែនទឹកនៃឈូងសមុទ្រពែក្ស៕

Leave a Reply

Your email address will not be published. Required fields are marked *

You missed