(ហ៊្សេរុយសាឡិម)៖ នៅថ្ងៃសុក្រនេះ យោធាអ៉ីស្រាអែលបានប្រកាសពីផែនការ ដើម្បីជម្លៀសប្រជាជនចេញពីទីក្រុង Kiryat Shmona ដែលស្ថិតនៅភាគខាងជើងប្រទេស ក្រោយមួយរយៈមកនេះ មានការប៉ះទង្គិចគ្នាបន្តបន្ទាប់ជាមួយក្រុមសកម្មប្រយុទ្ធ ហេសបូឡា (Hezbollah) នៅតាមបណ្តោយព្រំប្រទល់ជាប់នឹងប្រទេសលីបង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០២៣។
យោធាអ៉ីស្រាអែលបាននិយាយក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «បញ្ជាការដ្ឋានភូមិភាគខាងជើង បានជូនដំណឹងអំពីការសម្រេចចិត្តជម្លៀសប្រជាជនដល់អភិបាលក្រុង Kiryat Shmona រួចរាល់ហើយ។ ផែនការនេះនឹងត្រូវចាត់ចែងដោយអាជ្ញាធរក្នុងតំបន់ រួមជាមួយក្រសួងទេសចរណ៍និងក្រសួងការពារជាតិ»។ យោធាអ៉ីស្រាអែល ក៏បានបន្ថែមដែរថា កងកម្លាំងរបស់ខ្លួនបានបន្តការវាយប្រហារប្រឆាំងក្រុម Hezbollah ខណៈភាពតានតឹងបានកើនឡើង នៅបណ្តោយព្រំដែន។
មួយរយៈចុងក្រោយនេះ ក្រុម Hezbollah នៅលីបង់ ដែលគាំទ្រដោយអ៉ីរ៉ង់ បានបាញ់ផ្លោងឆ្លងព្រំដែនទៅវិញទៅមកជាមួយអ៉ីស្រាអែល បន្ទាប់ពីក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន បានវាយប្រហារចូលសហគមន៍នៅភាគខាងត្បូងប្រទេសអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ហើយបើតាមការអះអាងរបស់អាជ្ញាធរអ៉ីស្រាអែល គឺបានបណ្តាលឱ្យមនុស្សយ៉ាងហោចជាង១,៤០០នាក់ស្លាប់ ភាគច្រើនជនស៉ីវិល។ រីឯយោងតាមតួលេខក្រសួងសុខាភិបាលតំបន់ Gaza Strip ដែលគ្រប់គ្រងដោយក្រុមហាម៉ាសវិញ ប្រជាជនប៉ាឡេស្ទីនជាង៣,៧០០នាក់ ភាគច្រើនជាជនស៉ីវិល គឺត្រូវបានសម្លាប់នៅទូទាំងដែនដីប៉ាឡេស្ទីនមួយនេះ ក្នុងការវាយប្រហារសងសឹកយ៉ាងខ្លាំងក្លា តាមផ្លូវអាកាសរបស់អ៉ីស្រាអែល គិតចាប់តាំងពីពេលនោះមក។
គួរបញ្ជាក់ថា ក្រៅពីជម្លៀសប្រជាជន អ៉ីស្រាអែលក៏បានបញ្ជូនកងទ័ពបម្រុង រួមទាំងកងរថក្រោះនិងរថពាស ទៅក្បែរព្រំប្រទល់ភាគខាងជើងផងដែរ។ ក្រុម Hezbollah ដ៏មានឥទ្ធិពលនៅក្នុងប្រទេសលីបង់ បានប្រយុទ្ធក្នុងសង្រ្គាមទ្រង់ទ្រាយធំលើកចុងក្រោយបង្អស់ ជាមួយអ៉ីស្រាអែលកាលពីឆ្នាំ២០០៦។ ការបង្ហូរឈាមគ្នានាពេលនោះ បានបង្កឱ្យមនុស្សជាង១,២០០នាក់ស្លាប់នៅខាងលីបង់ ភាគច្រើនជាជនស៉ីវិល និង១៦០នាក់ស្លាប់នៅខាងអ៉ីស្រាអែល ភាគច្រើនជាទាហាន៕
រូបភាពពី Reuters