(ញូវយ៉ក)៖ ក្នុងលិខិតផ្ញើទៅកាន់បណ្តារដ្ឋជាសមាជិក ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) បានប្រកាសជូនដំណឹងថា មហាសន្និបាត UN នឹងជួប្រជុំគ្នា នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដើម្បីពិភាក្សាអំពីជម្លោះដែលត្រូវបានបង្កឡើងដំបូង ដោយការវាយប្រហារ​របស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីននៃតំបន់ Gaza Strip ទៅលើប្រទេសអ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០២៣។

មុនកិច្ចប្រជុំ UNGA នៅថ្ងៃព្រហស្បតិ៍ ក្រុមប្រឹក្សាសន្តិសុខ UN ក៏នឹងជួបពិភាក្សាគ្នាជុំវិញបញ្ហាខាងលើ នៅថ្ងៃអង្គារនេះផងដែរ។ មកទល់​ពេលនេះ ក្រុមប្រឹក្សាសន្តិសុខ UN មិនទាន់អាចស្វែងរកការឯកភាពគ្នាបាននៅឡើយទេ ជុំវិញការអនុម័តដំណោះស្រាយពាក់ព័ន្ធទៅនឹងសង្រ្គាមនៅតំបន់ Gaza ក៏ប៉ុន្តែបណ្តាប្រទេសជាសមាជិក UN មួយចំនួន រួមមានដូចជាហ៊្សកដានី ដែលតំណាងឱ្យក្រុមប្រទេសអារ៉ាប់ ព្រមទាំងរុស្ស៉ី ស៉ីរី បង់ក្លាដែស វៀតណាម និងកម្ពុជា បានដាក់សំណើជាផ្លូវការទៅកាន់ប្រធាន UNGA លោក Dennis Francis ដើម្បីរៀបចំកិច្ចប្រជុំមួយនៅមហាសន្និបាត។

គួរបញ្ជាក់ថា កាលពីសប្តាហ៍កន្លងទៅ ក្រុមប្រឹក្សាសន្តិសុខ UN ដែលមានការខ្វែងគំនិតគ្នាជាប្រចាំជុំវិញបញ្ហាអ៉ីស្រាអែល-ប៉ាឡេស្ទីន បានបដិសេធសេចក្តីព្រាងដំណោះស្រាយមួយ ផ្តួចផ្តើមដោយរុស្ស៉ី ដែលអំពាវនាវឱ្យមានបទឈប់បាញ់ដើម្បីបុព្វហេតុមនុស្សធម៌។ មានតែ​៥ប្រទេសប៉ុណ្ណោះ ក្នុងចំណោមសមាជិកទាំង១៥ បានគាំទ្រសេចក្តីព្រាងនោះ ដែលបានថ្កោលទោសអំពើហិង្សាជារួមប្រឆាំងជនស៉ីវិល ព្រមទាំងសកម្មភាពភេរវកម្មទាំងអស់ ប៉ុន្តែមិនបានលើកឡើងចំឈ្មោះក្រុមហាម៉ាសទេ ខណៈសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងបារាំង ចាត់ទុកជារឿងមិនអាចទទួលយកបាន។

បន្ទាប់មក ទីក្រុងវ៉ាស៉ីនតោនក៏បានវ៉េតូដំណោះស្រាយទី២ ដែលផ្តួចផ្តើមដោយប្រេស៉ីល ក្រោមហេតុផលថា ខ្លឹមសារក្នុងនោះពុំមានលើកឡើង​ពីសិទ្ធិការពារខ្លួនរបស់អ៉ីស្រាអែល។ សមាជិក១២ ក្នុងចំណោម១៥ នៃក្រុមប្រឹក្សាសន្តិសុខ បានបោះឆ្នោតគាំទ្រដំណោះស្រាយខាងលើ ដែលបានថ្កោលទោស «ការវាយប្រហារភេរវកម្មដ៏សាហាវយង់ឃ្នង របស់ហាម៉ាស» ផងដែរ ខណៈរុស្ស៉ីនិងចក្រភពអង់គ្លេស បានបោះឆ្នោតក្នុងសំឡេងអនុបវាទ។ សហរដ្ឋអាមេរិក គឺជាសមាជិកតែម្នាក់ឯងគត់ ដែលបានបោះឆ្នោតប្រឆាំង ប៉ុន្តែដោយសារស្ថិតក្នុងចំណោម​សមាជិកអចិន្រ្តៃយ៍ទាំង៥ របស់ក្រុមប្រឹក្សាសន្តិសុខ UN សំឡេងរបស់អាមេរិក ត្រូវបានរាប់ជាសំឡេងវ៉េតូ៕

រូបភាពពី AFP

Leave a Reply

Your email address will not be published. Required fields are marked *

You missed